Category Archives: ពត៌មានតារា

ភាពជោគជ័យនៃរឿង ដើម្បីស្នេហ៍


ក្រុមការងារ RHM Fan របស់យើង បានចុះទៅកាន់ទីផ្សារធំៗមួយចំនួននៅក្នុងខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរទៅអាជីវករ អំពីដំណើរការនៃការលក់ដូរ CD របស់ពួកគាត់ ជាពិសេសគឺពួកយើងចង់ដឹងអំពីការចរាចរនៅលើទីផ្សារអំពី CD ក៏ដូចជា VCD រឿង ដើម្បីស្នេហ៍ ផងដែរ។ នៅពេលដែលពួកយើងបានចុះទៅដល់ហើយ អាជីវករស្ទើរតែគ្រប់តូបលក់ CD ទាំងអស់ បានប្រាប់ពួកយើងថា CD និង VCD រឿង ដើម្បីស្នេហ៍ នេះលក់ដាច់ខ្លាំងណាស់ ជាពិសេសគឺនៅក្នុងឪកាស Promotion ពិសេស ដែលលក់មួយបន្ទះមានតម្លៃត្រឹមតែ ៦០០០រៀល នេះតែម្ដង។ ពួកគាត់បានប្រាប់ទៀតថា នៅពេលដែលពួកគាត់យក CD VCD Original រឿង ដើម្បីស្នេហ៍ នេះមកលក់ គឺលក់ដាច់អស់រលីងជារៀងរាល់ថ្ងៃ ហើយមិនមែនទើបតែលក់ដាច់ឥឡូវៗនេះទេ គឺចាប់តាំងពីថ្ងៃដែលពួកគាត់យកមកលក់ដំបូងមកម្ល៉េះ ហើយវ៉ុលនេះលក់ដាច់ជាងវ៉ុលផ្សេងៗដទៃទៀត។ បន្ទាប់ពីយើងបានទទួលនូវចម្លើយដ៏ក្បោះក្បាយរបស់ពួកគាត់រួចមក យើងក៏បានបន្តដំណើរទៅកាន់កន្លែងបញ្ចូលបទភ្លេងទូរស័ព្ទទៀត។ ដូចគ្នាដែរ គឺបងៗដែលជាអ្នកបញ្ចូលបទភ្លេងទូរស័ព្ទនោះ បានប្រាប់ពួកយើងថា បទនៅក្នុងវ៉ុលដើម្បីស្នេហ៍ នេះ គឺតែងតែមានអតិថិជនមកឲ្យពួកគាត់បញ្ចូល ជារៀងរាល់ថ្ងៃ។ គាត់បានប្រាប់ទៀតថា វ៉ុលនេះល្បីខ្លាំងណាស់ឥឡូវនេះ អ្នកណាៗក៏សួររកបទនៅក្នុងវ៉ុលនេះដែរ ទាំងបទចម្រៀង MP3 និង Karaoke។


ងាកមកមើលការគាំទ្រតាមរយៈបណ្ដាញអ៊ិនធើណិតវិញម្ដង។ គួរបញ្ជាក់ផងដែរថា រឿង ដើម្បីស្នេហ៍ នេះមានបណ្ដាញគេហទំព័រផ្ទាល់ខ្លួនមួយ ដែលមានអាស័យដ្ឋាន www.thejustlove.com ហើយបង្កើតដោយផលិតកម្មរស្មីហង្សមាសផ្ទាល់។ នៅក្នុងគេហទំព័រនេះ យើងអាចមើលអំពីសាច់រឿងដើម្បីស្នេហ៍ រូបថតតារា រូបថតសកម្មភាពក្រៅឆាក សមាសភាពអ្នកផលិត ពត៌មានខ្លីៗស្ដីពីរឿងដើម្បីស្នេហ៍ វីដេអូ…ជាដើម។ បច្ចុប្បន្ន គេហទំព័រនេះមានអ្នកទស្សនាកើនឡើនបានជាង១ម៉ឺននាក់ហើយ។ បើសិនជាយើងក្រឡេកមើលទៅការគាំទ្រតាមរយៈគេហទំព័រ Facebook វិញ ក៏មិនខុសគ្នាប៉ុន្មានដែរ។ បច្ចុប្បន្ន ចំនួន Fan គាំទ្ររឿង ដើម្បីស្នេហ៍ តាមរយៈគេហទំព័រនេះ កើនឡើងបានជិត២០០០នាក់ទៀតហើយ។ មិនតែប៉ុននោះ ប្រិយមិត្តមួយចំនួន ក៏បានបង្ហាញនូវចំណាប់អារម្មណ៍របស់ពួកគេផងដែរ នៅលើ Wall។ អ្នកគាំទ្រខ្លះបាននិយាយថា រឿង ដើម្បីស្នេហ៍ នេះពិតជាឡូយ ហើយអស្ចារ្យ។ អ្នកគាំទ្រខ្លះទៀត បានពោលពាក្យសរសើរអំពីការសម្ដែងរបស់តារាទាំងបីដួង ថាពិតជាល្អឥតខ្ចោះ ជាពិសេសគឺនៅត្រង់ឈុតសម្រក់និងបង្ហូរទឹកភ្នែក។ ប្រិយមិត្តមួយចំនួន ក៏កំពុងតែទន្ទឹងរង់ចាំផងដែរនូវភាគបន្តនៃរឿង ដើម្បីស្នេហ៍។ ពួកគេពិតជាចង់ដឹងខ្លាំងណាស់ ថាតើនឹងមានរឿងអ្វីដែលនឹងត្រូវកើតឡើងជាបន្ត? ហើយតារាទាំងបីដួងត្រូវជួបគ្នាដូចម្ដេច ហើយអ្នកទាំងបីនឹងត្រូវប្រឈមមុខនឹងរឿងរ៉ាវអ្វីខ្លះ?

រឿង ដើម្បីស្នេហ៍


និសា ចាកចេញពីខេត្តមកស្នាក់នៅភ្នំពេញជាមួយ លីហ្សា ដែលជាមិត្តជិតស្និទ្ធ។ បាយ៉ារិទ្ធ ជាអ្នកជិតខាងរបស់ លីហ្សា។ បាយ៉ារិទ្ធ និង និសា ផ្តើមស្នេហាជាមួយគ្នា។
ទីបំផុតស្នេហាដ៏ស្រស់ត្រកាលបានក្លាយជាដុំភ្លើងដុតលើបេះដូង លីហ្សា។ ការលះបង់ បាយ៉ារិទ្ធ ទៅឲ្យ លីហ្សា បានត្រឹមតែធ្វើឲ្យ លីហ្សា រឹតតែក្តៅក្រហាយក្លាយជាមនុស្សវិកលចរិត ព្រោះអំណាចចិត្តប្រច័ណ្ឌ និងច្រណែន។ ឧបទ្ទវហេតុបានធ្វើឲ្យ និសា ត្រូវបែកពី បាយ៉ារិទ្ធ រហូត។
ឆ្នាំ ១៩៥៣ ព្រលឹង និសា វិលវល់ទៅជួប សុវណ្ណរាជ។ ស្នេហាអ្នកទាំងពីរត្រូវបានខណ្ឌចែកដោយរនាំងវណ្ណៈដែលឪពុកត្រូវលើក និសា ឲ្យ វិឆ័យ ដែលជាកូនអ្នកមានទ្រព្យ។ ការតស៊ូបំរះននាលនឹងឧបសគ្គ ទឹកភ្នែកក្លាយជារលកសមុទ្រ អាចឪ្យពួកគេជួបគ្នាទេ?
ទីបញ្ចប់ បាយ៉ារិទ្ធ និសា សុវណ្ណរាជ ត្រូវប្រឈមគ្នាលើវិថីក្នុងជាតិថ្មីដ៏សែនឈឺចាប់។ មុំស្នេហ៍ត្រីកោណក្លាយជារឿងរ៉ាវដែលមិនគួរជឿ និងជាបទពិសោធន៍ថ្មីមួយទៀត។


និពន្ធរឿងដោយ ៖ សុខ ជំនោរ
ដឹកនាំសម្ដែងដោយ ៖ សុខ ជំនោរ / អ៊ិន ទីតូ
ថតដោយ ៖ ឆោម ថុល / កែ វិបុល / ជា ឈីម
សម្ដែងដោយ ៖ ណុប បាយ៉ារិទ្ធ / សុគន្ធ និសា / ឆន សុវណ្ណរាជ។

រឿង ‘ដើម្បីស្នេហ៍’ កំពុងអង្រួនចិត្តទស្សនិកជន

សាច់រឿងថ្មីមួយដែលមានចំណងជើងថា ដើម្បីស្នេហ៍ ដែលចូលរួមសម្ដែងដោយកំពូលតារាចម្រៀងដ៏ល្បីល្បាញពីរដួង គឺលោកណុប ប៉ាយ៉ារិទ្ធ និងកញ្ញាសុគន្ធ នីសា កំពុងតែធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាខ្លាំង។ សាច់រឿងនេះនិពន្ធឡើងដោយលោកសុខ ជំនោរ ដែលមាននៅក្នុង CD Vol 437 ចេញនៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងស៊ីឌីវ៉ុលនេះផងដែរ គឺមានបទចម្រៀងចំនួន ១០ បទ ដែល​និយាយពីសាច់​រឿង​របស់គូស្នេហ៍មួយគូ ដែលជួបនូវបញ្ហាស្នេហាត្រីកោណ ព្រោះតែមានអ្នកទីបីចូលមកជ្រៀតជ្រែក។ គួរបញ្ជាក់ផងដែរថា តារាទាំងពីរដួងកំពុងសម្ដែងនៅសហរដ្ឋអាមេរិក ហើយពួកគេនឹងត្រឡប់មកវិញនៅដើមខែឧសភាខាងមុខនេះ។

តារារស្មីហង្សមាស ជួបជុំ Fan Club


កាលពីថ្ងៃទី ០៩ មករា កន្លងទៅថ្មីៗនេះ តារាចម្រៀងបួនរូបរបស់ផលិតកម្មរស្មីហង្សមាស ដែលមានដូចជា លោកឆន សុវណ្ណរាជ លោកណុប ប៉ាយ៉ារិទ្ធ កញ្ញាពេជ្រ សោភា និង កញ្ញាសុគន្ធ នីសា ក៏ដូចជាសមាជិក Fan Club របស់ពួកគេទាំងបួន បានប្រារព្ធធ្វើនូវពិធីជប់លៀងមួយនៅឯភោជនីយដ្ឋាន ទន្លេបាសាក់ គឺជាការជប់លៀងជួបជុំគ្នាមួយ ដែលមើលទៅពិតជាគួរឲ្យរំភើបខ្លាំងណាស់។ ពួកគេទាំងអស់គ្នាបានបរិភោគអាហារជុំគ្នា ព្រមទាំងមានការច្រៀងនិងរាំលេងកម្សាន្តទៀតផង។ គួរបញ្ជាក់ផងដែរថា ពិធីជប់លៀងនេះ គឺតារាទាំងបួនបានប្រារព្ធធ្វើឡើង ដើម្បីថ្លែងអំណរគុណដល់ប្រិយមិត្តដែលតែងតែគាំទ្រពួកគេកន្លងមក និងដើម្បីឲ្យមានការស្គាល់គ្នាទៅវិញទៅមក រវាងក្រុមនិងក្រុមផងដែរ។